Saturday, December 24, 2016
៧ ចំណុចដែលគេជឿថា អាចជួយមនុស្សឲ្យក្លាយអ្នកមានបំផុតបើរៀន និងអនុវត្តឲ្យជាប់
អ្នកចង់ក្លាយជាអ្នកមានមែនទេ? វាជាចំណង់ទូទៅរបស់មនុស្សទៅហើយ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលអាចសម្រេចបានក្តីស្រមៃដ៏ធំនេះ។ ទោះជាយ៉ាងណា វាមិនមែនពិបាកសម្រេចបាននោះទេបើអ្នកធ្វើតាមទម្លាប់ល្អដែលមានមនុស្សយកទៅប្រើរួចបានក្លាយជាសេដ្ឋី និងមហាសេដ្ឋីជាច្រើននាក់។
ដំបូងបំផុតអ្នកត្រូវការវិន័យ និងភាពអំណត់។ វាទាក់ទងនឹងការគិតដល់អ្នកដទៃជាងខ្លួនឯង របៀបដែលអ្នកជួយអ្នកដទៃដោះស្រាយបញ្ហារបស់គេ និងអ្វីដែលអ្នកអាចរៀនសូត្រពីអ្នកដទៃ។
ខាងក្រោមនេះ ជាដំបូន្មានដើម្បីក្លាយជាសេដ្ឋី ឬមហាសេដ្ឋីពីសហគ្រិនជោគជ័យជាច្រើននាក់៖
១/ ចាយតិចជាងចំនួនប្រាក់ដែលរកបាន
មធ្យោបាយល្អបំផុតដើម្បីក្លាយជាអ្នកមានគឺមិនត្រូវចាយលុយដែលអ្នករកបាន ហើយយូរទៅអ្នកនឹងមានលុយកាន់តែច្រើន។ បើអ្នកសន្សំលុយបានច្រើនល្មម អ្នកអាចនឹងឈប់ធ្វើការឱ្យគេ រួចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងបាន។
២/ ជួយមនុស្ស
អ្នកមានទេព្យកោសល្ល បទពិសោធន៍ និងឆន្ទៈដើម្បីចែករំលែកជាមួយមនុស្សក្នុងពិភពលោកនេះ។ អ្នកអាចប្រកបរបរចិញ្ចឹមជីវិតបានប្រសិនបើអ្នកស្ម័គ្រចិត្តចែកពេលវេលានិងជំនាញរបស់អ្នកដើម្បីជួយបង្កើនជីវភាពមនុស្សដទៃ ឬប្រាប់អ្នកដទៃនូវរបៀបដែលអ្នកធ្វើការដើម្បីជោគជ័យ។
៣/ ជឿជាក់លើខ្លួនឯង
កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយកុំបារម្ភថា ខ្លួនអ្នកមិនល្អល្មមដើម្បីរកលុយតាមរបៀបដែលធ្វើកំពុងតែធ្វើ។ បើមានមនុស្សស្នើសុំការប្រឹក្សា ឬសេវាកម្មពីអ្នក អ្នកត្រូវត្រៀមខ្លួនជាស្រេចដើម្បីលក់សេវាកម្មទៅឱ្យគេ ហើយត្រូវហ៊ានទាមទារថ្លៃឱ្យខ្ពស់។
៤/ ជ្រើសរើសអាជីពស្របតាមចំណង់ចំណូលចិត្ត
ដើម្បីទទួលបានជោគជ័យ អ្នកត្រូវបង្កើតក្រុមហ៊ុនក្នុងវិស័យដែលអ្នកមានមហិច្ឆតាចង់ធ្វើការ។ ភាពជាសហគ្រិនត្រូវការព្យាយាម ហើយអ្នកប្រហែលមិនអាចបន្តពុះពារឧបសគ្គគ្រប់បែបយ៉ាងទេប្រសិនបើកិច្ចការនោះមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នក។ បើអ្នកជ្រើសរើសអាជីពដោយសារតែគិតថានឹងទទួលបានប្រាក់ចំណូលខ្ពស់ មនុស្សដទៃដែលមានចំណេះដឹងនិងជំនាញជាងអ្នកនឹងសម្រេចបានជោគជ័យធំជាងអ្នកហើយទីបំផុតគេនឹងទាត់អ្នកចេញក្រៅឆាកជាក់ជាមិនខាន។
៥/ សរសេរផែនការហិរញ្ញវត្ថុ
តើអ្នកនឹងត្រូវសម្រេចគោលដៅដូចម្តេចដើម្បីក្លាយជាអ្នកមាន? តើអ្នកនឹងត្រូវសម្រេចគោលដៅអ្វីខ្លះ? ដើម្បីឆ្លើយនឹងសំណួរទាំងនេះបានច្បាស់លាស់ អ្នកត្រូវតែអង្គុយចុះ រួចសរសេរផែនការ កំណត់អាទិភាព កំណត់ពេលវេលា និងសរសេរចុះរាល់ចំណុចលម្អិតទាំងអស់ដែលអ្នកត្រូវអនុវត្ត។ ផែនការនេះគឺជាផែនទីរបស់អ្នកដែលត្រូវពិនិត្យមើលរាល់ថ្ងៃដើម្បីដឹងថា ខ្លួនឯងដើរដល់ណាហើយ និងដើរទៅរកទិសដៅ ឬវង្វេងផ្លូវ។
៦/ យកចិត្តទុកដាក់
អ្នកត្រូវតែដឹងគ្រប់ព្រឹត្តិការណ៍បច្ចុប្បន្នទាំងអស់ដែលកំពុងតែកើតមាននៅជុំវិញខ្លួន និងជុំវិញវិស័យដែលអ្នកកំពុងតែប្រកបអាជីព។ យកចិត្តទុកដាក់និងកត់សម្គាល់មើលជំហានលម្អិតទាំងអស់របស់គូប្រជែង ហើយត្រូវមានភ្នែកវៃរំពៃមើលទំនាក់ទំនងដែលមានសក្តានុពល និងឱកាសថ្មីៗ។
៧/ ក្រោកពីព្រឹកព្រលឹម
បើអ្នកក្រោកពីដំណេកមុនសមាជិកក្នុងគ្រួសារអ្នក ឬមុននរណាៗទាំងអស់ដែលអាចនឹងរំខានអ្នកពីការងារ មានន័យថា អ្នកបានដើរមុនគេឆ្ងាយណាស់។ ការសិក្សាជាច្រើនបង្ហាញថា ភាគច្រើននៃអ្នកជោគជ័យជាមនុស្សដែលក្រោកពីដំណេកឆាប់។ និយាយមួយបែបទៀតគឺពួកគេចូលចិត្តដោះស្រាយបញ្ហា ដូច្នេះទើបគេគេងតែពេលចាំបាច់ដែលរាងកាយត្រូវការសម្រាក និងមិនដេកទ្រមុឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Write comments